ក្រុងប៉េកាំង : ស្ថាបនិកជនជាតិចិនបានបង្កើតនូវរថយន្តគំរូដែលអាចធ្វើដំណើរនៅ គ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវគោក ផ្លូវទឹក និងផ្លូវទឹកកករអិលទេ។
រថយន្តដែលមានរាងដូច Mouse កុំព្យូទ័រនេះអាចបរលើគ្រប់សណ្ឋាននេះ ដោយបង្កើនល្បឿនបានរហូតដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅពេលដែលស្ថានភាពផ្លូវមានការផ្លាស់ប្ដូរ វាអាចបរលើដោយរលូន មិនថាប្ដូរពីផ្លូវកៅស៊ូ ទៅផ្លូវចាក់ខ្សាច់ ឬក៏ផ្លូវទឹកកកឡើយ។
ដោយមានការឧបត្ថម្ភស្រាវជ្រាវពីក្រុមហ៊ុនផលិតរថយន្តនៅ អាល្លឺម៉ង់ អ្នករចនាម៉ូឌរថយន្តជនជាតិចិនលោក ចាង យូហាន អាយុ២១ឆ្នាំ បានបង្កើតរថយន្តនេះឡើងដោយឲ្យឈ្មោះថា Volkswagen Aqua ដែលអាចដើរតួនាទីជាឡាន ជាកូនកប៉ាល់ ឬជារទេះស្គីទឹកកក។
រថយន្តនេះត្រូវបានរចនាឲ្យមានរាងរលូន មានស្លាបកង្ហាបួន និងពោងដែលអាចឲ្យវាបណ្ដែតខ្លួនលើផ្ទៃទឹក។
ក្រៅពីសមត្ថភាពជ្រែកទឹកជ្រែកដី រថយន្តនេះក៏ត្រូវបានបំពាក់ដោយបច្ចេកទេសប្រើប្រាស់ថាមពលមិន ប៉ះពាល់ដល់បរិស្ថានផងដែរ ដោយសារតែវាដើរដោយប្រភពអ៊ីត្រូសែន។ ដូច្នេះហើយ Volkswagen Aqua នឹងមិនបញ្ចេញផ្សែងពុលក្នុងបរិយាកាសទេ។
រថយន្តមានម៉ូទ័រដែលអាចបំប៉ោងខ្លួន លើកកម្ពស់រថយន្តឲ្យផុតពីដី។ ប្រព័ន្ធបញ្ជាទិសដៅត្រូវបានភ្ជាប់ ធ្វើឲ្យរថយន្តមានចលនាទៅមុខដោយរលូន។រថយន្តនេះគឺជាបច្ចេកវិទ្យាដ៏ពិសេសនិងមិនធ្លាប់មានពីមុនមក ដែលធ្វើឲ្យ Volkswagen ទាក់ទាញចំណាប់អារម្មណ៍ពីបណ្ដាអតិថិជន ក៏ដូចជាក្រុមហ៊ុនផលិតរថយន្តដទៃទៀត។
លោក ចាង ជាស្ថាបនិកវ័យក្មេងបាននិយាយថា៖ «គ្មានយានអ្វីដែលជិះទៅស្រួលដូចយានដែលប្រើកម្លាំងខ្យល់នោះទេ ព្រោះវាអាចធ្វើដំណើរលើផ្ទៃដី ទឹកកក និងផ្ទៃទឹកបានយ៉ាងប្រសើរ»។
លោកបានបន្តទៀតថា៖ «ខ្ញុំសង្ឃឹមថា រថយន្ត Volkswagen Aqua នឹងវិវឌ្ឍក្លាយជាយានមួយដែលមានថាមពលខ្លាំង។ ទន្ទឹមនឹងនោះវាក៏គួរតែផលិតក្នុងបរិមាណច្រើន និងមានតម្លៃថោកសមរម្យផងដែរ ដើម្បីឲ្យមនុស្សគ្រប់រូបអាចមានលទ្ធភាពទិញវាជិះបានលើគ្រប់ ស្ថានភាពផ្លូវទាំងអស់»៕

No comments:
Post a Comment